កម្ពុជា-វៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលគ្រោងនឹងចំណាយថវិកា ៨លានដុល្លារអាមេរិក

 

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខានៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រី បានឱ្យដឹងថា ក្នុងពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ លោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន បានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ «សាលាមិត្តភាពកម្ពុជា-វៀតណាម» រួមមាន ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន ១ និងបន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន ១ បន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាអនុវិទ្យាល័យ ជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់ នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ១ និងអគាររដ្ឋបាលរួម ចំនួន ១ (សម្រាប់សាលាទាំងពីរថ្នាក់) ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀត សម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។

លោកឧត្តមសេនីយ៍ត្រី ក៏បានបន្ថែមទៀតថា គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លារអាមេរិក និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាអ្នកទទួលបន្ទុកសាងសង់។ ជាមួយគ្នានេះ ដើម្បីឱ្យគម្រោងអាចដំណើរការទៅដោយរលូន លោកឧត្តមសេនីយ៍ត្រី ក៏បានស្នើសុំការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ លើការងារចាំបាច់មួយចំនួនផងដែរ។

លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា ជាកិច្ចឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសិទ្ធិប្រទាន បានជម្រាបជូនលោក ឧត្តមសេនីយ៍ត្រីថា រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារចាំបាច់មួយចំនួន រួមមាន ការរុះរើអគារចាស់ការរៀបចំការដ្ឋាន ការតប្រព័ន្ធទឹក ភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃអនុវត្តគម្រោងសាងសង់នេះ ហើយលោកផ្ទាល់ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ជួយជំរុញឱ្យដំណើរការនៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។

បើតាមលោកស្រី ដោ សម្ផស្ស ឆ្លៀតក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមអភិបាលក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងអំណរសាទរយ៉ាងថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា គ្រប់លំដាប់ថ្នាក់ជូនចំពោះលោកឧត្តមសេនីយ៍ត្រី ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ក្នុងឱកាសនៃការអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ដើម្បីរំលឹកដល់ថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបាននូវឯករាជ្យភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាពេលវេលាដ៏មានសារៈសំខាន់ បញ្ជាក់ពីគំរូវីរភាពដ៏អង់អាចរបស់ថ្នាក់ដឹកនាំ និងនាយទាហានវៀតណាមគ្រប់ជាន់ថ្នាក់ ក្នុងការថែរក្សាការពារនូវឯករាជ្យភាព និងអធិបតេយ្យភាពសម្រាប់ប្រទេស និងប្រជាជាតិរបស់ខ្លួន។

លោកស្រីបន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសម្របសម្រួល និងផ្តល់នូវជំនួយសាងសង់សាលារៀន ប្រកបដោយស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។

ឯកឧត្តមអភិបាល បានបន្ថែមទៀតថា «សាលាមិត្តភាពកម្ពុជា-វៀតណាម» គឺមិនត្រឹមតែបាន រួមចំណែកបម្រើដល់វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង» ។

សូមបញ្ជាក់ជូនថា គម្រោងសាងសង់អគារសិក្សានេះ ត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២៦កន្លងមកនេះ៕ ថ្ងៃ​អង្គារ, 6 ខែ​តុលា, 2026 អត្ថបទដោយ Nou Seyha